(VOVWORLD) - ដោយមានចំនួនជិត ២១៥ លាននាក់ យុវជនស្រូបយកជាងមួយភាគបីនៃចំនួនប្រជាជនអាស៊ានសរុប ហើយជាប្រភពធនធានដ៏សំខាន់ដែលរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ និងការរីកចម្រើនដោយឥតឈប់ឈរនៃសហគមន៍អាស៊ាន។ តាមការព្យាករណ៍ថា សមាមាត្រនៃយុវជននឹងឡើងដល់កំពូលនៅឆ្នាំ ២០៣៨ ដែលជាសញ្ញាបង្ហាញពីសក្តានុពលដ៏ធំធេងនៃស្រទាប់វណ្ណៈនេះ ក្នុងការបង្កើតរូបរាងសម្រាប់ស្ថានភាពសេដ្ឋកិច្ចសង្គម និងកំណើនជាបន្តបន្ទាប់នៃតំបន់អាស៊ាន។ នេះជាការចែករំលែករបស់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅក្នុងកិច្ចសន្ទនារវាងអគ្គលេខាធិការអាស៊ាន ជាមួយយុវជនអាស៊ាន ក្រោមប្រធានបទ “យុវជនអាស៊ាន - អនាគតអាស៊ាន៖ តួនាទីរបស់យុវជនក្នុងការបង្កើតរូបរាងសម្រាប់អនាគតអាស៊ាន” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ឆ្នាំ ២០២៤ នៅទីក្រុងហាណូយ។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤” របស់វៀតណាម។